ថ្ងៃច័ន្ទ, 27 ខែមិថុនា 2011
ដោយ ជន សក្តា
វីអូអេ ខ្មែរ | ភ្នំពេញ
នៅថ្ងៃច័ន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងការស្វាគមន៍ដល់សេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិចារណាលើផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា បើទោះបីជាប្រទេសថៃបានសម្រេចដកខ្លួនចេញពីអង្គការយូណេស្កូនេះក៏ដោយ។
ប្រទេសថៃ បានដកខ្លួនចេញពីអនុសញ្ញាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូឆ្នាំ១៩៧២ ដើម្បីតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកលើផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា។ នេះបើយោងតាមកាសែតថៃ The Nation បានរាយការណ៍នៅថ្ងៃច័ន្ទនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងពិធីប្រគល់សញ្ញាប័ត្រនៅក្នុងទីក្រុងភ្នំពេញថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូបានសម្រេចផ្តល់យុត្តិធម៌ដល់ប្រទេសកម្ពុជាសម្រាប់ផែនការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ។
«ដល់ឥឡូវ យើងសុំតែយុត្តិធម៌។ យុត្តិធម៌នៅឆ្នាំ១៩៦២ធ្វើឱ្យថៃដកខ្លួនចេញពីតុលាការយុត្តិធម៌អន្តរជាតិ។ ឥឡូវជាថ្មីម្តងទៀត ថៃដកខ្លួនចេញពីសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ (ខ្ញុំ) សូមផ្តាំទៅឯកឧត្តមអាប់ភីស៊ីត វីចាជីវ៉ា បើចិត្តកូនប្រុស ឯកឧត្តមធ្វើលិខិតជាផ្លូវការនៅថ្ងៃស្អែក ពីព្រោះថ្ងៃស្អែកជាថ្ងៃប្រជុំគណៈរដ្ឋមន្ត្រី»។
លោកស៊ូវិត ឃុនគីតទិ (Suwit Khunkitti) ប្រធានគណៈប្រតិភូថៃចរចាជាមួយគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅក្នុងទីក្រុងប៉ារីសបានថ្លែងថា គណៈប្រតិភូរបស់លោកបានប្រាប់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកថា ប្រទេសថៃបានលាលែងចេញពីប្រទេសសមាជិកនៃអនុសញ្ញា។
លោកស៊ូវិតរដ្ឋមន្ត្រីបរិស្ថាន និងធនធានធម្មជាតិ បានបញ្ជាក់ថា គណៈកម្មាធិការបេតិកភណ្ឌពិភពលោកមិនអើពើការព្រួយបារម្ភរបស់ប្រទេសថៃដែលពិចារណាលើផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជា នឹងធ្វើឱ្យស្មុគស្មាញដល់ជម្លោះព្រំដែនថៃ កម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា ប្រទេសកម្ពុជាត្រូវការអង្គការយូណេស្កូនេះ។ ប្រទេសកម្ពុជាមិនដកខ្លួនចេញពីអង្គការយូណេស្កូនេះទេ។ ប្រទេសកម្ពុជាបានខំប្រឹងប្រែងប្រែក្លាយខ្លួនជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅក្នុងឆ្នាំ២០០៩។
«យើងមិនដកខ្លួនចេញពីអង្គការយូណេស្កូទេ ពីព្រោះយើងជាម្ចាស់ផ្ទះនៃសម្បត្តិបេតិកភណ្ឌពិភពលោកច្រើនណាស់ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងសម្បត្តិអរូបិយមួយចំនួនទៀត ហើយឥឡូវកំពុងតែត្រៀមបញ្ចូលទៅក្នុងបេតិកភណ្ឌពិភពលោកនូវក្បាច់គុណបុរាណខ្មែរ ដែលមានល្បុក្កតោ ខ្លាក្រាប ដាក់ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ ដូច្នេះយើងត្រូវការអង្គការយូណេស្កូនេះ។ យើងមានបេតិកភណ្ឌច្រើនណាស់»។
កាសែតថៃ បាងកកប៉ុស្តិ៍ (Bangkok Post) បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា លោកនាយករដ្ឋមន្ត្រីថៃអាប់ភីស៊ីត វិចាជីវ៉ា (Abhisit Vejjajiva) បានការពារសេចក្តីសម្រេចដកប្រទេសថៃ ចេញពីអនុសញ្ញាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូដោយថ្លែងថា ការយល់ព្រមលើផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់ប្រទេសកម្ពុជានឹងដាក់ប្រទេសឱ្យស្ថិតនៅត្រង់ចំណុចចាញ់ប្រៀបគេ៕
No comments:
Post a Comment