ប្រតិភូថៃបានបរាជ័យទាំងស្រុងក្នុងកិច្ចប្រជុំនៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងការតវ៉ារបស់ខ្លួនប្រឆាំងការដាក់ផែនការគ្រប់គ្រងតំបន់ប្រាសាទព្រះវិហាររបស់យូណេស្កូ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១១ បានប្រកាសបញ្ជាឲ្យកងទ័ពកម្ពុជា នៅសមរភូមិមុខនៅប្រាសាទព្រះវិហារ និងខេត្តឧត្តរមានជ័យ ត្រៀមខ្លួនដើម្បីការពារទឹកដី កម្ពុជា នៅគ្រាដែលមានលេចឮព័ត៌មានថា យោធាថៃមានផែនការបើកការវាយប្រហារជាថ្មី នៅខែកក្កដាខាងមុខនេះ ក្រោយពីប្រតិភូថៃ បានចាញ់យ៉ាងអាម៉ាស់នៅក្នុងកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី៣៥ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំងថ្មីៗ នេះ និងបានដើរចេញពីកិច្ចប្រជុំនោះយ៉ាងតក់ក្រហល់។
លោកបានឲ្យដឹងថា លោកបានជួបសន្ទនាជាមួយមេបញ្ជាការកងទ័ពកម្ពុជានៅសមរភូមិមុខរួចហើយនាពេលថ្មីៗនេះ តាមរយៈវីដេអូខនហ្វ្រឺន (Video Conference) ផ្ដោតលើស្ថានការណ៍ការពារទឹកដីកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ទៅកាន់ព្រះសង្ឃជាច្រើនរយអង្គ នៅឯសាលមហោស្រពចតុមុខ នៅក្នុងទីក្រុងភ្នំពេញថា កងទ័ពកម្ពុជាត្រៀមខ្លួនប្រយុទ្ធការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ នៅខែកក្កដាខាងមុខនេះ ៖ “អ៊ីចឹងទេ ខ្ញុំព្រះករុណាខ្ញុំ សុំបញ្ជាកងទ័ពឲ្យត្រួតពិនិត្យមើលសភាពការណ៍បន្ទាន់ ក្រោយម៉ោង ១២យប់។ គេអាចពន្យារការបោះឆ្នោតតាមរយៈការបង្កើតសង្គ្រាមតាមទល់ដែនកម្ពុជា-ថៃ។ កុំយកកម្ពុជាធ្វើជាចំណាប់ខ្មាំងនៃនយោបាយថៃ បោះឆ្នោតទៅគោរពលទ្ធផលទៅ“។
ការបញ្ជាក់របស់លោក ហ៊ុន សែន នៅគ្រាដែលមានសេចក្ដីរាយការណ៍ថា ប្រតិភូថៃដែលបានដើរចេញពីកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោក លើកទី៣៥ នៅក្នុងទីក្រុងប៉ារីសនោះ បានព្រមានប្រាប់ឯកអគ្គរដ្ឋទូតនៃប្រទេសមួយចំនួនថា គេនឹងប្រើប្រាស់កម្លាំងយោធាវាយប្រហារកម្ពុជា ហើយក្រោយមក ឯកអគ្គរដ្ឋទូតនោះបានខ្សឹបប្រាប់ប្រតិភូកម្ពុជាអំពីការព្រមាននេះ ប៉ុន្តែពុំមានប្រភពឯករាជ្យណាមួយបញ្ជាក់រឿងនេះទេ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកឧត្ដមសេនីយ៍ឯក ឈុំ សុជាតិ បានមានប្រសាសន៍ថា កងទ័ពកម្ពុជាកំពុងតែតៀមខ្លួនរួចហើយ ដើម្បីការពារទឹកដី ៖ “យើងស្រឡាញ់តែសន្តិភាពទេ។ យើងរក្សាសិទ្ធិស្វ័យការពារវិញ នេះជាសិទ្ធិស្របច្បាប់របស់យើងតើ“។
ព្រះភិក្ខុសង្ឃ ថៃ សុគាន ព្រះជន្មាយុ ២៧ព្រះវស្សា មកពីខេត្តពោធិ៍សាត់ បានមានព្រះថេរដីកាថា ព្រះអង្គរីករាយចំពោះជោគជ័យរបស់កម្ពុជា នៅក្នុងកិច្ចប្រជុំនៅប្រទេសបារាំងថ្មីៗនេះ ៖ “ទូទាំងពិភពលោក ក៏គេដឹងថា ថៃជាមនុស្សបែបហ្នឹង។ ទទួលនូវការបរាជ័យយ៉ាងអាម៉ាស់មុខបែបនេះ”។
កិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៣៥ នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បានចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១១ ដែលមានតំណាងប្រទេសចំនួន ជាង១០០ប្រទេសចូលរួម រាប់ទាំងប្រទេសកម្ពុជាផង។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី លោក សុខ អាន ជាឧបនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១ ជាប្រធានប្រតិភូបានឲ្យដឹងថា ជាលទ្ធផល គឺថៃបានទទួលបរាជ័យទាំងស្រុង ក្នុងការព្យាយាមលើកពេលពិភាក្សា លើខ្លឹមសាររបៀបវារៈអំពីប្រាសាទព្រះវិហារ។ ប្រតិភូថៃបានខិតខំយ៉ាងពុះកញ្ជ្រោល ដើម្បីទប់ស្កាត់ផែនការគ្រប់គ្រងប្រាសាទព្រះវិហារ។ ប្រតិភូថៃបានដើរចេញពីកិច្ចប្រជុំនោះនៅពេលបរាជ័យ។
ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំនៅប្រទេសកាណាដា ប៉ុន្តែចាប់តាំងពីនោះមក ភាគីថៃតែងតែជំទាស់ផែនការគ្រប់គ្រង និងអភិរក្សប្រាសាទព្រះវិហារដោយភាគីកម្ពុជា ដែលជាប្រទេសម្ចាស់ទ្រព្យសម្បត្តិនោះ៕
No comments:
Post a Comment