Saturday, March 31, 2012

បញ្ហា​ដី​ធ្លី​និង​ពលករ​ចំណាក​ស្រុក​អាច​លើក​ឡើង​ជាមួយ​មេ​ដឹក​នាំ​អាស៊ាន

Phnom Penh Post
March 30, 2012


ភ្នំពេញៈ នៅ​ក្នុង​សន្និសីទ​សង្គម​ស៊ីវិល ឯករាជ្យ​មួយ កាល​ពី​ថ្ងៃ​ម្សិលមិញ សមាជិក​គណៈ​កម្មការ​ដឹក​នាំ​ថ្នាក់​តំបន់​ជា​ច្រើន​ បាន​ប្រកាស​ពី​បញ្ហា​ការ​ទន្ទ្រាន​ដណ្តើម​កាន់​កាប់​ដី​ប្រជាជន និង​លក្ខខណ្ឌ​ការងារ​ដ៏​អាក្រក់ របស់​ពលករ​ចំណាក​ស្រុក​ថា ជា​បញ្ហា ​ដែល​អាច​នឹង​ត្រូវ​លើក​ឡើង​ ជាមួយ​មេ​ដឹក​នាំ​អាស៊ាន​ ដែល​នឹង​មក​ចូល​រួម​ប្រជុំ នៅ​សប្តាហ៍​ក្រោយ។
លោក Sinapan Samy Dorai សមាជិក​គណៈ​កម្មការ​ម្នាក់​ ដែល​មក​ពី​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា រដ្ឋាភិបាល មាន​ការ​ភ័យ​ខ្លាច​នឹង​សង្គម​ស៊ីវិល។ លោក​បាន​គូស​បញ្ជាក់​ថា៖​ «អ្នក​មាន​អំណាច និង​ទ្រព្យ​ធន​ដែល​ជា​និច្ចកាល​ ពាក់​ព័ន្ធ​នឹង​រដ្ឋាភិបាល​បាន​បំពាន​ប្រព័ន្ធ​ច្បាប់​ ដើម្បី​រក្សា​ឋានៈ​របស់​ពួក​គេ​ផ្នែក​នយោបាយ ហើយ​ពិត​ណាស់ ​ដើម្បី​ទ្រព្យ​សម្បត្តិ​ពួក​គេ»។ លោក​បន្ត​ថា៖​ «ពួក​គេ​ខ្លាច​សង្គម​ស៊ីវិល ​លើក​ឡើង​ពី​បញ្ហា​នេះ និង​លាត​ត្រដាង​ពី​អំពើ​ពុករលួយ​ក្នុង​ការ​ដឹក​នាំ​របស់​ពួក​គេ​»។ លោក​បាន​ចោទ​សួរ​ថា៖ «អ្នក​ណា​នៅ​ពី​ក្រោយ​ការ​ជួញ​ដូរ គ្រឿង​ញៀន ស្ត្រី និង​កុមារ​នោះ?
ពួក​យើង​ភាគ​ច្រើន​បាន​ដឹង​ហើយ»។
លោក​បាន​ Sinapan Samy Dorai បន្ត​ថា អាស៊ាន​ ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ដី​ធ្លី និង​សិទ្ធិ​របស់​ពលករ​ចំណាក​ស្រុក។
លោក​បន្ត​ទៀត​ថា៖​ «ពុំ​មាន​ប្រទេស​ណា​មួយ ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ទាំង ១០ ទទួល​ស្គាល់​ពលករ​ចំណាក​ស្រុក​នៅ​ក្រោម​ច្បាប់​ការងារ​របស់​ពួក​គេ​ឡើយ»។
តំណាង​អង្គ​ការ​សង្គម​ស៊ីវិល មក​ពី​ប្រទេស​អាស៊ាន​ទាំង​ ១០​និង​អ្នក​ពាក់​ព័ន្ធ​ប្រមាណ​ជា ៩០០ នាក់ បាន​ជួប​ប្រជុំ​គ្នា នៅ​ក្នុង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​វេទិកា​ប្រជាជន​អាស៊ាន ឆ្នាំ​២០១២ ​ធ្វើ​ឡើង​រយៈ​ពេល ៣ ថ្ងៃ ដែល​ចាប់​ផ្តើម​កាល​ពី​ម្សិល​មិញ នៅ​សណ្ឋាគារLucky Star ក្នុង​រាជធានី​ភ្នំពេញ។
តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បណ្តា​រដ្ឋាភិបាល នៅ​ក្នុង​ប្រទេស​នៃ​សមាគម​អាស៊ាន មិន​សូវ​ឲ្យ​តម្លៃ​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ជួយ​គាំពារ ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ និង​រួម​ចំណែក​យ៉ាង​សំខាន់​ សស្រាក់​សស្រាំ នៅ​ក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សង្គម​នោះ​ទេ​។
លោក​ស្រី ធីតា ឃឹស​ នាយិកា​អង្គការ​ស៊ីលីកា និង​ជា​សមាជិក​គណៈកម្មាធិការ នៃ​សន្និសីទ​នេះ បាន​មាន​ប្រសាសន៍​ថា វេទិកា​នេះ អង្គការ​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​អាស៊ាន​ទាំង​១០ នឹង​ចែក​រំលែក​បទ​ពិសោធ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ប្រមូល​បញ្ហា​ដែល​កំពុង​ប្រឈម​ទាំង​ឡាយ ដើម្បី​ចង​ក្រង​ជា​អនុសាសន៍​ដាក់​ជូន​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដែល​នឹង​មក​ចូល រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​។ លោក​ស្រី ធីតា ឃឹស បាន​មាន​ប្រសាសន៍​ថា៖«​តួនាទី​របស់​អង្គការ​សង្គម​ស៊ី​វិល នៅ​មិន​ទាន់​ច្បាស់​លាស់ ហើយ​រដ្ឋាភិបាល​ពុំ​បាន​គិត​ឲ្យ​បាន​ដិត​ដល់​ពី​បញ្ហា​ប្រឈម ទៅ​ដល់​ប្រជា​ពល​រដ្ឋ និង​សង្គម​ស៊ីវិល​នោះ​ទេ​»។
រដ្ឋាភិបាល​កម្ពុជា បាន​ជ្រើស​តាំង​អង្គ​ការ​សង្គម​ស៊ីវិល ដែល​គេ​មិន​សូវ​ស្គាល់​ឈ្មោះឲ្យ​ធ្វើ​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​សប្តាហ៍​ក្រោយ​នេះ​រួច​មក​ហើយ​ ក្តី។ ប៉ុន្តែ លោក​ស្រី ធី​តា ឃឹស បាន​ថ្លែង​ថា អង្គ​ការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​បម្រើ​ប្រជា​ពលរដ្ឋ​ពិតប្រាកដ​ក្នុង​ប្រទេស​កម្ពុជា មិន​ទទួល​ស្គាល់​តំណាង​ដែល​ជ្រើស​តាំង​ដោយ​រដ្ឋាភិបាល​នោះ​ទេ ហើយ​នឹង​រួម​គ្នា​ជា​មួយ​អង្គ​ការ​សង្គម​ស៊ីវិល​មក​ពី​បណ្តា​ប្រទេស​អាស៊ាន ដើម្បី​ដាក់​អនុសាសន៍​ដែល​នឹង​រក​ឃើញ នៅ​ក្នុង​សន្និសីទ​រយៈ​ពេល​ ៣ ថ្ងៃ​នេះ ទៅ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​ ១០ ទៅ​តាម​លទ្ធ​ភាព​ដែល​អាច​ធ្វើ​បាន​។
រដ្ឋាភិបាល​កម្ពុជា ក៏​បាន​រៀបចំ​វេទិកា​សង្គម​ស៊ីវិល ដែល​មាន​ឈ្មោះ​ស្រដៀង​គ្នា​នេះ​មួយ​ផង​ដែរ នៅ​សាល​សន្និ​សីទ​ចតុមុខ ដែល​បាន​ចាប់​ផ្តើម​ កាល​ពី​ថ្ងៃ​ពុធ និង​បញ្ចប់​កាល​ពី​ថ្ងៃ​ម្សិលមិញ។
អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី លោក ឯក ថា បាន​បដិសេធ​មិន​ធ្វើ​អធិប្បាយ​ទេ។
រឿង​រ៉ាវ​ពាក់​ព័ន្ធ​នឹង​អាស៊ាន​នេះ​ដែរ កាល​ពី​ម្សិលមិញ បញ្ជាការ​កង​កម្លាំង​ការពារ​ជាតិ​អាស៊ាន បាន​ចុះ​ហត្ថលេខា​លើ​ឯក​សារ​ស្តី​ពី​កិច្ច​សហ​ប្រតិបតិ្តការ​ទ្វេ​ភាគី​ និង​ពហុ​ភាគី ដើម្បី​ទប់​ស្កាត់​ការ​គំរាម​កំហែង​ឆ្លង​កាត់​ព្រំ​ដែន ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់។
​ថ្លែង​នៅ​សន្និសីទ​សារ​ព័ត៌​មាន បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​នៅ​សណ្ឋាគារ អាំងទែរ​កុងទីណង់តាល់ នៅ​រាជ​ធានី​ភ្នំពេញ លោក ប៉ុល សារឿន ​អគ្គ​មេបញ្ជា​ការ​នៃ​កង​យោធពល​ខេមរភូមិន្ទ​ បាន​ថ្លែង​ថា ប្រទេស​សមាជិក​អាស៊ាន​ នឹង​បន្ត​ផ្តោត​លើ​កិច្ច​សហប្រតិបតិ្តការ ស្តី​ពី​បញ្ហា​គ្រោះ​មហន្តរាយ​ធម្មជាតិ សន្តិសុខ​ផ្ទៃ​សមុទ្រ ក្រុម​ឧក្រិដ្ឋកម្ម​ឆ្លង​កាត់​ព្រំដែន និង​សកម្មភាព​ភេរវករ​។
លោក​បាន​បញ្ជាក់​ថា៖ «​ឆ្លើយ​តប​នឹង​ការ​គំរាម​កំហែង​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​នេះ ដែល​កាន់​តែ​ស្មុគ​ស្មាញ និង​ពិបាក​ព្យាករ​ទុក យើង​បាន​អនុវត្ត​សកម្មភាព​រួម​គ្នា​ដែល​មាន​គោល​ដៅ​ពង្រឹង​កិច្ច​សហ​ ប្រតិបតិ្ត​ការ»៕ CR/TK
រាយការណ៍​បន្ថែម វង្ស សុខេង និង សូ វិសាល​

No comments: