Source: Radio Free Asia
ដោយ សុខ សេរី
2012-03-27
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ បានបើកកិច្ចប្រជុំក្រៅផ្លូវការសំខាន់មួយ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមីនា ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២។ កិច្ចប្រជុំនេះបានផ្ដោតលើការពង្រឹងសន្តិសុខតំបន់ និងស្ថិរភាពជាតិនៃប្រទេសសមាជិកអាស៊ានទាំង១០។
អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទកម្ពុជា និងជាប្រធាននាយកដ្ឋានចារកម្មយោធាក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ជា ដារ៉ា បានបញ្ជាក់ថា តំបន់អាស៊ាន និងប្រទេសជាសមាជិកអាស៊ានចំនួន ១០ ត្រូវការសន្តិភាពនៅក្នុងតំបន់ និងស្ថិរភាពជាតិរៀងៗខ្លួន ដើម្បីឈានឆ្ពោះទៅរកការបង្កើតសហគមន៍អាស៊ាន នៅឆ្នាំ២០១៥។
កន្លងមកទាំងក្រសួងការពារជាតិកម្ពុជា និងក្រសួងការបរទេសកម្ពុជា បានស្វែងរកការចុះហត្ថលេខាលើឯកសារពិធីសារពីមេដឹកនាំនៃប្រទេសមហាអំណាចទាំង៥ គឺសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហព័ន្ធរុស្ស៊ី ប្រទេសបារាំង និងប្រទេសចិន លើការមិនរីកសាយអាវុធនុយក្លេអ៊ែរ ( Nuclear) នៅតំបន់អាស៊ាន និងប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ប្រឆាំងការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន និងប្រឆាំងការជួញដូរអាវុធជាដើម។
គេឃើញមេបញ្ជាការយោធាមកពីប្រទេសសមាជិកអាស៊ានចំនួន ១០ មកចូលរួមក្នុងកិច្ចប្រជុំសំខាន់នេះ មានដូចជា ប្រទេសកម្ពុជា (Cambodia) ប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Burma) ប្រទេសម៉ាឡេស៊ី (Malaysia) ឡាវ (Lao) ឥណ្ឌូនេស៊ី (Indonesia) ប្រទេសប្រ៊ុយណេ (Brunei) វៀតណាម (Vietnam) ថៃ (Thailand) ប្រទេសសិង្ហបុរី (Singapore) និងប្រទេសហ្វីលីពីន (Philippines)។
ប្រធាននាយកដ្ឋានចារកម្មយោធានៃក្រសួងការពារជាតិកម្ពុជា លោកនាយឧត្ដមសេនីយ៍ ជា ដារ៉ា បានមានប្រសាសន៍ប្រាប់អ្នកកាសែតនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២ ថា កិច្ចប្រជុំនេះគឺមានសារសំខាន់ណាស់ក្នុងការពង្រឹងសន្តិសុខនៅតំបន់អាស៊ាន៖«បានន័យថា ធ្វើឲ្យអាស៊ានមានការយល់ជាមួយគ្នា សហការជាមួយគ្នា ធ្វើការដើម្បីស្ថិរភាព ដើម្បីសុវត្ថិភាពនៅក្នុងប្រទេសមួយៗ ហើយនៅក្នុងតំបន់អាស៊ាន ក៏ដូចជានៅសាកលលោក។ ប្រទេសទាំង៩ មានការគាំទ្រខ្លាំងណាស់»។
ប្រធានសមាគមយុវជនកម្ពុជា-អាស៊ាន លោក សុខ ធាវុធ បានមានប្រសាសន៍ថា លោកចង់ឃើញតំបន់អាស៊ាន មិនមានការរីកសាយអាវុធនុយក្លេអ៊ែរ ដូចជាមជ្ឈិមបូព៌ា និងតំបន់ឧបទ្វីបកូរ៉េជាដើម៖ «ពីព្រោះធម្មតាគឺបញ្ហាអាវុធនុយក្លេអ៊ែរ បញ្ហាអាវុធប្រល័យលោក គឺជាចំណុចមួយដែលគ្មានអ្វីដែលល្អសំរាប់ប្រទេសជាតិ ក៏ដូចជាពិភពលោក ជាពិសេសអាស៊ាន តំបន់អាស៊ាន»។
ទាក់ទងនឹងលទ្ធផលនៃកិច្ចប្រជុំនេះ អនុប្រធាននាយកដ្ឋានចារកម្មយោធានៃក្រសួងការពារជាតិកម្ពុជា លោក ហ៊ុន ម៉ានិត ជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ឯកសារពិស្ដារនៃកិច្ចប្រជុំនេះ គេមិនចែកចាយឲ្យអ្នកកាសែតទេ ពីព្រោះគេរក្សាទុកជាឯកសារសម្ងាត់។
សរុបជារួម រាល់ការប្រឹងប្រែងពង្រឹងសន្តិសុខនៅតំបន់អាស៊ាននោះ គឺធ្វើនៅគ្រាដែលមេដឹកនាំនៃប្រទេសសមាជិកអាស៊ានចំនួន ១០ គ្រោងធ្វើឲ្យតំបន់អាស៊ាន ក្លាយជាតំបន់ពាណិជ្ជកម្មសេរី ដោយតភ្ជាប់ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស និងផ្លាស់ប្ដូរពាណិជ្ជកម្ម និងទេសចរណ៍ដោយសេរីនៅឆ្នាំ២០១៥។
ក្រសួងការពារជាតិកម្ពុជា ក៏គ្រោងបើកកិច្ចប្រជុំធំមួយនៅថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១២ ខាងមុខនេះ នៅឯវិមានសន្តិភាព ផ្ដោតលើការពង្រឹងសន្តិសុខ និងស្ថិរភាពនៅតំបន់អាស៊ាន ដែលគេគ្រោងបង្កើតជាសហគមន៍អាស៊ាននៅឆ្នាំ២០១៥ ខាងមុខនេះ។
កិច្ចប្រជុំខាងមុខនោះ គឺមានឈ្មោះថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ( Asean Defense Minister Meeting/ADMM)៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
No comments:
Post a Comment