Source: Radio Free Asia
ដោយ ហង្ស សាវយុត
2012-03-28
គណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១របស់ថៃ ទើបតែបានបញ្ចប់ការជួបប្រជុំលើកទី២០ ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅឯខេត្តសៀមរាប កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមីនា។
ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាជាមួយគ្នាលើកំណត់ហេតុរួម ដែលមានខ្លឹមសារជាច្រើន ដូចជាឱ្យកងទ័ពថៃ នៃយោធភូមិភាគទី១ និងកងទ័ពកម្ពុជានៃយោធភូមិភាគទី៥ ត្រូវប្រតិបត្តិតាមកិច្ចព្រមព្រៀងអនុស្សរណៈនៃការយោគយល់គ្នា ដោយមិនរំលោភព្រំដែន ឬក៏កសាងសំណង់ថ្មីៗនៅតាមបន្ទាត់ព្រំដែន ដែលស្ថិតនៅក្នុងតំបន់មិនទាន់បោះបង្គោលព្រំដែននៅឡើយជាដើម។ ក្រៅពីនោះ អាជ្ញាធរខេត្តខ្មែរ និងថៃ ដែលមានព្រំដែនជាប់គ្នា ក៏បានព្រមព្រៀងទៅលើការបើកច្រករបៀងព្រំដែនថ្មីមួយទៀតឱ្យបានឆាប់ៗ។
មន្ត្រីយោធានៃយោធភូមិភាគទី៥ កម្ពុជាបានឱ្យដឹងថា អាជ្ញាធរខេត្តបន្ទាយមានជ័យ របស់ខ្មែរ និងអាជ្ញាធរខេត្តស្រះកែវ របស់ថៃ មានគម្រោងនឹងចុះធ្វើការពិនិត្យឱ្យច្បាស់លាស់មួយនៅក្នុងខែមេសា ខាងមុខ ដើម្បីឈានទៅរកការបើកច្រករបៀងព្រំដែនថ្មី១កន្លែងទៀត នៅម្ដុំតំបន់បឹងស្នោ នៃភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។
ច្រករបៀងព្រំដែនថ្មីដែលមានគម្រោងបើកនេះ គឺនៅចំណុចបង្គោលព្រំដែនលេខ ៤៣ ទល់មុខនឹងភូមិណូនម៉ាក់មុន អនុស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ប្រទេសថៃ។
លោកឧត្ដមសេនីយ៍ឯក ប៊ុន សេង ជាអគ្គបញ្ជាការរងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការយោធភូមិភាគទី៥។ លោកបានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតបន្ទាប់ពីបញ្ចប់កិច្ចប្រជុំ កាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមីនា ថា មន្ត្រីយោធភូមិភាគទី៥ ជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ របស់ខ្មែរ និងមន្ត្រីយោធភូមិភាគទី១ ជាមួយអាជ្ញាធរខេត្តស្រះកែវ របស់ថៃ បានគិតគូរជាមួយគ្នាថា នឹងជំរុញឱ្យមានការបើកច្រករបៀងព្រំដែនថ្មី នៅក្នុងឆ្នាំ២០១២ ឱ្យបាន ដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ មានការងាយស្រួលក្នុងការដោះដូរទំនិញគ្នា។
លោកឧត្ដមសេនីយ៍ឯក ប៊ុន សេង៖ «រឿងការបើកច្រកផ្លាស់ប្ដូរសេដ្ឋកិច្ចនៅបឹងស្នោ ជាមួយនឹងខាងស្រះកែវ ជារួមគោលការណ៍នេះគឺយើងមានយូរមកហើយ ហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរ ហើយខេត្តទាំងពីរក៏បានយល់ព្រមជាមួយគ្នាដែរ។ បើយើងពិនិត្យមើលទៅឯកសារសឹងថាគ្រប់គ្រាន់ហើយ ដូច្នេះនៅសល់តែអភិបាលខេត្តបន្ទាយមានជ័យ ជាមួយនឹងអភិបាលខេត្តស្រះកែវ ពិភាក្សាគ្នាឡើងវិញ ពិនិត្យទៅលើបែបបទដែលនៅសេសសល់ ដែលត្រូវស្នើទៅថ្នាក់លើ»។
ភាគីថៃ បានចាត់ទុកគម្រោងបើកច្រករបៀងព្រំដែនថ្មីមួយនោះថា គឺជាបញ្ហាដ៏សំខាន់សម្រាប់ផលប្រយោជន៍ទាំងសងខាងរវាងថៃ និងកម្ពុជា។
លោកឧត្ដមសេនីយ៍ទោ ឧដុមដេត ស៊ីតាប៊ុត ជាមេបញ្ជាការយោធភូមិភាគទី១របស់ថៃ។ លោកបានមានប្រសាសន៍ថា វាគឺជាការសំខាន់មួយនៅពេលដែលច្រករបៀងព្រំដែនថ្មីនោះ បានបើកឱ្យដំណើរការ៖ «ការបើកឱ្យមានការដោះដូរទំនិញគ្នានៅច្រករបៀងព្រំដែននោះ គឺយើងកំពុងធ្វើឱ្យអ្វីៗគ្រប់យ៉ាងឱ្យដំណើរការទៅបានល្អ។ យើងកំពុងធ្វើអ្វីៗឱ្យមានដំណើរការទៅមុខជាបណ្តើរៗទៅតាមការព្រមព្រៀងគ្នារវាងថៃ-កម្ពុជា។ ប៉ុន្តែរាល់ដំណើរទាំងនោះ គឺនឹងអនុវត្តទៅតាមការព្រមព្រៀងគ្នាដោយស្របទៅតាមច្បាប់របស់ប្រទេសទាំងពីរ»។
នៅក្នុងកិច្ចប្រជុំរវាងយោធភូមិភាគទី៥ របស់កម្ពុជា និងយោធភូមិភាគទី១របស់ថៃនេះ ភាគីទាំងពីរក៏បានព្រមព្រៀងជាមួយគ្នានូវការជៀសវាងប្រឈមមុខដាក់គ្នាដោយអាវុធ ឬមិនឱ្យមានការរុះរើបំផ្លាញបង្គោលតម្រុយព្រំដែនផ្សេងៗ នៅក្នុងចន្លោះពេលដែលគណៈកម្មាធិការត្រួតពិនិត្យ និងវាស់វែងព្រំដែននៃប្រទេសទាំងពីរ មិនទាន់បានធ្វើការរួចរាល់នៅឡើយនោះ គឺកងកម្លាំងទាំងពីរភាគីដែលនៅតាមតំបន់ ត្រូវបង្កើនកិច្ចសហការជាមួយគ្នា ដើម្បីរក្សាបន្ទាត់ព្រំដែនឱ្យស្ថិតក្នុងសន្តិភាព និងស្ថិរភាពជាដើម។
ក្នុងការជួបប្រជុំគ្នានោះដែរ មន្ត្រីយោធភូមិភាគទី៥ របស់កម្ពុជា ក៏បានបញ្ចូលបញ្ហាប្រជាពលរដ្ឋខ្មែរខ្លះ ដែលតែងនាំគ្នាលួចឆ្លងដែនខុសច្បាប់ចូលទៅកាប់ឈើក្នុងប្រទេសថៃ ដែលធ្វើឱ្យមានការចាប់ខ្លួនយកទៅកាត់ទោស និងមួយចំនួនផ្សេងទៀត ត្រូវទាហានថៃ បាញ់សម្លាប់ផងដែរ។
មន្ត្រីយោធាខ្មែរបានឱ្យដឹងថា ពាក់ព័ន្ធបញ្ហានេះក្រសួងការបរទេសខ្មែរ មានគម្រោងនឹងកោះប្រជុំជាមួយអាជ្ញាធរខេត្ត មន្ត្រីយោធាខេត្ត និងសមាសភាពពាក់ព័ន្ធមួយចំនួនទៀតដើម្បីស្វែងរកការដោះស្រាយនៅពេលខាងមុខ។ បញ្ហានេះដែរមន្ត្រីយោធភូមិភាគទី៥ របស់កម្ពុជា បានស្នើសុំឱ្យភាគីថៃ ជួយតាមរកមុខមេខ្យល់ដែលជាជនជាតិថៃ ក្នុងការឃុបឃិតនាំប្រជាពលរដ្ឋកម្ពុជា ឱ្យឆ្លងដែនខុសច្បាប់ ដើម្បីកាប់ឈើគ្រញូងបណ្ដាលឱ្យមានគ្រោះថ្នាក់នោះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
No comments:
Post a Comment